ដោយៈ សរិទ្ធ / ពោធិ៍សាត់ៈ មន្ត្រីបរិស្ថានម្នាក់ និងបុរស ពីរនាក់ទៀត បានរងរបួសធ្ងន់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូ បុកម៉ូតូ នៅរសៀល ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ លើកំណាត់ផ្លូវជាតិលេខ៥៥ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១៧២-១៧៣ ស្ថិតនៅភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។
សមត្ថកិច្ចមូលដ្ឋាន បានបញ្ជាក់ថាៈ មានម៉ូតូ១គ្រឿង ម៉ាកហុងដា វ៉េវ អាល់ហ្វា ពណ៌ខ្មៅ គ្មានស្លាកលេខ បើកបរដោយឈ្មោះ ទិត្យ គា អាយុ ៣២ឆ្នាំ និងអ្នករួមដំណើរជាមួយ ឈ្មោះ ឡាំ ឡឹម អាយុ ៣១ឆ្នាំ។ បុរសទាំងពីរនាក់នេះ រស់នៅភូមិ.ឃុំកើតហេតុ បានធ្វើដំណើរ ក្នុងទិសដៅពីខាងលិច ឆ្ពោះទៅទិសខាងកើត។ លុះមកដល់កន្លែងកើតហេតុ ម៉ូតូនេះ បានបុកជាមួយអ្នកជិះម៉ូតូ ១ គ្រឿងទៀត បណ្ដាលឲ្យដួល រងរបួសធ្ងន់ទាំងអស់គ្នា។
ប្រភពដដែល បានបន្តទៀតថាៈ ភាគីម្ខាងទៀត ឈ្មោះ ខៀវ ចន្ថា ភេទប្រុស អាយុ ៥១ឆ្នាំ ជាមន្ត្រីបរិស្ថាន បច្ចុប្បន្ន រស់នៅភូមិចម្ការជ្រៃខាងត្បូង ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់ ធ្វើដំណើរដោយម៉ូតូ ម៉ាកហហុងដា វ៉េវ អាល់ហ្វា ពណ៌ខ្មៅ ពាក់ស្លាកលេខ ពោធិសាត់ 1H 5411 ។
បច្ចុប្បន្ន អ្នករងរបួស បានត្រូវបញ្ជូន ទៅព្យាបាលនៅមន្ទីរពេទ្យបង្អែក ខេត្តពោធិ៍សាត់។ ចំណែកវត្ថុតាងម៉ូតូ ទាំង ពីរគ្រឿង ត្រូវសមត្ថកិច្ចនគរបាល យកទៅរក្សាទុក ជាបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុក ដើម្បីរង់ចាំដោះស្រាយ នៅពេលក្រោយ៕/V