ដោយៈ ដេប៉ូ / ភ្នំពេញៈ នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១ នេះ ក្រសួងអប់រំ យុវជន និង កីឡា បានចេញនូវ សេចក្តីជូនដំណឹង ថ្មីមួយបន្ថែមទៀត សម្រាប់ណែនាំពី វិធានការ សម្រាប់ អង្គភាព ក្រោមឱវាទក្រសួងអប់រំ យុវជន និងកីឡា ក្នុងព្រឹត្តិការណ៍ សហគមន៍ ២០ កុម្ភៈ។
ក្នុងសេចក្តីជូនដំណឹងរបស់ក្រសួង បានបញ្ជាក់ថាៈ ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ ការរាតត្បាត នៃជំងឺកូវីដ-១៩ ពីអ្នកដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍ សហគមន៍ ២០ កុម្ភៈ ក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាល ទៅខេត្តដទៃទៀត និងយោងតាមអនុសាសន៍ ដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក្រសួងអប់រំ យុវជន និងកីឡា សូមណែនាំដល់មន្ត្រីអប់រំ គ្រប់លំដាប់ថ្នាក់ ដូចជាៈ រាល់បេសកកម្ម ក្នុងប្រទេស ត្រូវផ្អាករយៈពេល ២ សប្តាហ៍ ចាប់ពីថ្ងៃ ទទួលបានសេចក្តីណែនាំនេះ តទៅ លើកលែងតែ ករណីចាំបាច់បំផុត និងត្រូវមានការយល់ព្រម ពី លោកបណ្ឌិត សភាចារ្យ រដ្ឋមន្ត្រី ។
ក្រសួងអប់រំ បានឱ្យដឹងដែរថាៈ ចំពោះរាល់កិច្ចប្រជុំ សិក្ខាសាលា វគ្គបំប៉ន និងវគ្គបណ្តុះ បណ្តាលទាំងអស់ ត្រូវអនុវត្ត តាមបែបអនឡាញ ទាំងស្រុង អង្គភាពថ្នាក់ជាតិ និងថ្នាក់ ក្រោមជាតិទាំងអស់ ត្រូវតាមដាន និងរាយការណ៍ជាប្រចាំ អំពីស្ថានភាព សុខភាពមន្ត្រី របស់ខ្លួន ក្នុងករណីបុគ្គលិកអប់រំ រូបណា មានការសង្ស័យ ឬមានរោគសញ្ញាស្រដៀងនឹង ជំងឺកូវីដ ១៩ ត្រូវទូរស័ព្ទជាបន្ទាន់ ទៅលេខ ១១៥ ដើម្បីពិគ្រោះយោបល់ និងផ្តល់ព័ត៌មាន មកអង្គភាព ដើម្បីរាយការណ៍ មកក្រុមការងារទប់ស្កាត់ ការរីករាលដាល នៃជំងឺកូវីដ១៩ របស់ក្រសួងអប់រំ យុវជន និងកីឡា (នាយកដ្ឋានរដ្ឋបាល)។
ក្នុងសេចក្តីជូនដំណឹងនេះ ក៏បានបញ្ជាក់ដែរថាៈ នៅពេលទទួលបាន សេចក្តីណែនាំនេះ អង្គភាពថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ទាំងអស់ នៃក្រសួងអប់រំ យុវជន និងកីឡា ត្រូវផ្សព្វផ្សាយ ឱ្យបានទូលំទូលាយ និងចូលរួម សហការអនុវត្តប្រកបដោយស្មារតីទទួល ខុសត្រូវខ្ពស់ និងសូមតាមដានជាប្រចាំ នូវការផ្សព្វផ្សាយ របស់ក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងសុខាភិបាល។
គួរបញ្ជាក់ថា នៅថ្ងៃទី២៤ ខែកុម្ភៈនេះ ក្រសួងសុខាភិបាល បានប្រកាសថា បានរកឃើញ ករណីឆ្លងថ្មី ចំនួន ៤០ នាក់ទៀត ក្នុងនោះករណីឆ្លងសហគមន៍ ៣៨ នាក់ និងអ្នកដំណើរ ពីបរទេស ២ នាក់ ។
បើគិតត្រឹមព្រឹក ថ្ងៃទី២៤ ខែកុម្ភៈ អ្នកឆ្លងសរុបចំនួន ៥៩៣ នាក់ អ្នកជាសះស្បើយ ចំនួន ៤៧៥ នាក់ និងអ្នកកំពុងព្យាបាល ចំនួន ១១៦ នាក់៕/V-PC