ប្រែសម្រួលៈវាសនា/ប៉េកាំង៖អ្នកឯកទេសខាងវីរុសចិនម្នាក់ ដែលល្បីខាងសិក្សាស្រាវជ្រាវអំពីវីរុសកូរ៉ូណាក្នុងខ្លួនសត្វប្រជៀវ រហូតដល់ថ្នាក់គេដាក់ឈ្មោះអោយថា«មនុស្សប្រជៀវចិន»បានចែករំលែកការរកឃើញនៅក្នុងការធ្វើតេស្តិ៍ថ្មីៗដែលបង្ហាញថា វីរុសកូរ៉ូណាឬកូវីដ១៩នេះមិនមានប្រភពចេញពីកន្លែងពិសោធន៍នៅក្រុងវូហានរបស់លោកស្រីទេ។
ស៊ី ហ្សេងលី នាយករងនៃវិទ្យាស្ថានវីរុសវិទ្យាវូហាន បានពីពេលថ្មីបានធ្វើការសាកពិសោធន៍ឡើងវិញ គំរូឈាមដែលគេយកនៅឆ្នាំ២០១២ពីកម្មកររ៉ែ៤នាក់ ដែលបានធ្លាក់ខ្លួនឈឺក្រោយធ្វើការនៅក្នុងល្អាងប្រជៀវនៅចិនភាគនិរតី។លទ្ធផលបានបង្ហាញថា គ្មានពួកគេណាម្នាក់ត្រូវបានចម្លងវីរុសកូរ៉ូណាទេ។
ការធ្វើបច្ចុប្បន្នភាពនៃលទ្ធពិសោធន៍នេះ ហាក់ច្រាសគ្នាពីការចោទប្រកាន់របស់រដ្ឋាភិបាលលោកដូណាល់ ត្រាំ ដែលថា វីរុសកូរ៉ូណា ដែលបានចម្លងមនុស្សជិត៥៨លាននាក់នៅទូទាំងពិភពលោកមានប្រភពចេញពីកន្លែងពិសោធន៍នៅក្រុងវូហាន។
លទ្ធផលបង្ហាញថា លោកស្រីស៊ី និងក្រុមរបស់គាត់ មិនបានប្រមូលយកបានវីរុស Sars-CoV-2 ជាប្រភេទវីរុសដែលបង្កជំងឺកូវីដ១៩ដូចសព្វថ្ងៃទេ នៅមុនការផ្ទុះជំងឺនេះនៅក្រុងវូហានកាលពីចុងឆ្នាំ២០១៩។
ស៊ី ហ្សេងលី នាយករងនៃវិទ្យាស្ថានវីរុសវិទ្យាវូហាន បានធ្វើតេស្តិ៍សំណាកឈាមដែលប្រមូលមកពីកម្មកររ៉ែដែលធ្លាក់ខ្លួនឈឺក្រោយធ្វើការក្នុងល្អាងប្រជៀវកាលពី៨ឆ្នាំមុននៅចិនភាគនិរតី។លោកស្រីថាសំណុំសេណេទិចដែលលោកស្រីពិសោធន៍ ខុសគ្នាពីសំណុំសេណេទិចវីរុសកូរ៉ូណាដែលកំពុងចម្លងមនុស្សរាប់លាននាក់សព្វថ្ងៃ
បន្ទប់ពិសោធន៍P4នៅវិទ្យាស្ថានវីរុសវិទ្យាវូហាន ក្នុងខេត្តហឺប៉ី របស់ចិន ដែលអាម៉េរិកចោទថាជាប្រភពផ្ទុះជំងឺឆ្លងកូវីដ១៩
ពីមុនអ្នកឯកទេសវីរុសរូបនេះបានអះអាងថា លក្ខណៈរបស់វីរុសដែលលោកស្រីពិសោធន៍ មិនត្រូវគ្នានឹងសំណុំហ្សែនរបស់វីរុសកូវីដ១៩ទេ។
បើតាមរបាយការណ៍ កម្មកររ៉ែទាំងនេះបានឆ្លងជំងឺផ្លូវដង្ហើមម្យ៉ាងក្រោយចូលប្រមូលយកអាចម៍ប្រជៀវពីអណ្តូងរ៉ែទង់ដែងមួយនៅក្នុងខេត្តយុនណានកាលពីខែមេសាឆ្នាំ២០១២។
លោកស្រីស៊ី បាននិយាយថា «យើងសង្ស័យអ្នកជំងឺឆ្លងវីរុសមិនស្គាល់ម្យ៉ាង។ដូច្នេះ យើងនិងក្រុមដទៃទៀតបានយកគំរូឈាមមកពីសត្វ រួមមានប្រជៀវ កណ្តុរ និងកណ្តុរប្រមេះនៅម្តុំល្អាងនោះ។ប៉ាន់ឈាមមួយផ្ទុកវីរុសកូរ៉ូណាសត្វប្រជៀវRaTG13។នៅឆ្នាំ០២០នេះ យើងប្រៀបធៀបសំណុំហ្សែនSars-CoV-2 ជាមួយនឹងសំណុំហ្សែនវីរុសកូរ៉ូណាក្នុងសត្វប្រជៀវ និងបានរកឃើញថា វាដូចRaTG13 ៩៦,២ភាគរយ»។
ពួកអ្នកវិទ្យាសាស្ត្របានអះអាងថា ភាគខុសគ្នា៣,៨ភាគរយនៅក្នុងវីរុសនេះមានន័យថា វីរុសកូរ៉ូណាប្រជៀវត្រូវការពេលរាប់ទសវត្សរ៍ដើម្បីប្រែក្លាយខ្លួនជាSars-CoV-2។
ស៊ី ពីមុនបានព្រមានថា វីរុសថ្មីដែលត្រូវបានរកឃើញនៅទូទាំងពិភពលោក គ្រាន់តែជាផ្នែកតូចបំផុតមួយប៉ុណ្ណោះ។លោកស្រីបានអំពាវនាវអោយមានកិច្ចសហការគ្នាជាអន្តរជាតិ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង ទោះជាមានការចោទប្រកាន់ថាចិនបិទបាំងគ្រោះថ្នាក់បង្កឡើងដោយវីរុសកូរ៉ូណាក្តី។
ថ្លែងក្នុងទូរទស្សន៍ CCTNលោកស្រីស៊ី បាននិយាយថា«បើយើងចង់រារាំងកុំអោយពូជសាសន៍មនុស្សរងគ្រោះពីការផ្ទុះជំងឺឆ្លងបន្ទាប់ យើងត្រូវតែស្វែងយល់ដឹងជាមុនអំពីវីរុសដែលមិនស្គាល់នៅក្នុងសត្វក្នុងធម្មជាតិទាំងនេះជាមុន និងធ្វើការព្រមានជាមុន។បើយើងមិនសិក្សាវាទេ នៅតែមានលទ្ធភាពផ្ទុះជំងឆ្លងមួយណាទៀត»៕