ដោយៈ រ៉ាម៉ន / ភ្នំពេញៈ ដើម្បីឱ្យការដ្ឋានដាក់ បណ្តាញលូផ្លូវលេខ ២៨៧ នឹងដាក់លូឆ្លងកាត់ផ្លូវប្រសព្វ ជាមួយនឹងផ្លូវលេខន៦១៤ ក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក ទទួលបានជោគជ័យ ដោយគ្មានការរំខាន អាជ្ញាធររាជធានីភ្នំពេញ បានសម្រេចបិទការធ្វើចរាចរណ៍ ជាបណ្តោះអាសន្ន នៅផ្លូវលេខ ៦១៤ ចាប់ពីផ្លូវលេខ ២៨៧ ដល់ផ្លូវលេខ ៦០៨ ហើយការបិទផ្លូវ ធ្វើចរាចរណ៍នេះ នឹងធ្វើឡើង ក្នុងរយៈពេល ១ខែ ចាប់ពីថ្ងៃទី២៨ ខែវិច្ឆិកា ដល់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០ ។ ដោយហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋ មេត្តាយោគយល់ និងអធ្យាស្រ័យ ។
មន្ត្រីរដ្ឋបាលរដ្ឋបាល រាជធានីភ្នំពេញ បានឱ្យដឹងថាៈ ខណៈនេះ គឺក្រុមការងារ របស់ចៃការ ជប៉ុន បាននឹងកំពុងដំណើរការ ការដ្ឋានដាក់បណ្តាញលូ ផ្លូវលេខ ២៨៧ និងដាក់លូឆ្លងកាត់ផ្លូវប្រសព្វ ជាមួយនឹងផ្លូវលេខន៦១៤ ក្នុងខណ្ឌទួលគោក ហើយដោយសារផ្លូវលេខ ២៨៧ មានទទឹងផ្លូវតូចចង្អៀត ការដ្ឋានបានសំរេច បិទការធ្វើចរាចរណ៍ ជាបណ្តោះអាសន្ន នៅផ្លូវលេខ ៦១៤ ចាប់ពីផ្លូវលេខ ២៨៧ ដល់ផ្លូវលេខ ៦០៨ មានរយៈពេល ១ខែ ដោយចាប់ពីថ្ងៃទី២៨ ខែវិច្ឆិកា ដល់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០ ។
គួរបញ្ជាក់ថាៈ គម្រោងការពារទឹកជំនន់ និងកែលំអ ប្រព័ន្ធប្រឡាយលូ ក្នុងរាជធានីភ្នំពេញ ជំហានទី៤ នេះ មានទឹកប្រាក់ សរុបប្រមាណ ៣០ លានដុល្លារអាមេរិក ដែលជាជំនួយឥតសំណង របស់រដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការ អន្តរជាតិជប៉ុន ( JICA ) ។ គម្រោងនេះ នឹងត្រូវអនុវត្តការដ្ឋាន ដូចខាងក្រោម ក្នុងនោះរួមមាន៖ ១-ដាក់បណ្តាញលូមេ នៅក្នុងភូមិសាស្ត្រ ខណ្ឌទួលគោក ប្រវែង ៨,២ គីឡូម៉ែត្រ។ ២-ដាក់បណ្តាញ លូមេ នៅក្នុងភូមិសាស្ត្រ ខណ្ឌដូនពេញ ប្រវែង ៤,៤ គីឡូម៉ែត្រ។ ៣-សាងសង់អាងស្តុកទឹកក្រោមដី និងសាងសង់ស្ថានីយ៍បូមទឹក នៅសួនច្បារ មុខក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ( CDC )។ ៤-តម្លើងរបាមេកានិកស្វ័យប្រវត្តិ ដើម្បីប្រមូលសំរាម នៅមុខផ្លូវបង្ហូរទឹក នៅស្ថានីយ៍បូមទឹកចតុមុខ ព្រះគម្លង់១ ព្រះគម្លង់២ និងផ្សារចាស់។ ៥-ផ្តល់រថយន្តបូមទឹកចល័ត ចំនួន ២គ្រឿង៕/V