ប្រែសម្រួលៈវាសនា/គូឡាឡាំពួរ៖ ម៉ាឡេស៊ី បានយល់ព្រមទិញវ៉ាក់សាំងប្រឆាំងកូវីដ១៩ របស់ក្រុមហ៊ុនPfizerចំនួន១២,៨លានដូស ដោយបានក្លាយជាប្រទេសដំបូងគេនៅអាស៊ីអាគ្នេយ៍ដែលប្រកាសកិច្ចព្រមព្រៀងទិញវ៉ាក់សាំងកូវីដ១៩ពីក្រុមហ៊ុនអាម៉េរិកនេះ។
លទ្ធផលពិសោធន៍ចុងក្រោយបង្ហាញថា វ៉ាក់សាំងនេះមានប្រសិទ្ធភាព៩៥ភាគរយ តែវ៉ាក់សាំងផលិតរួមជាមួយក្រុមហ៊ុនអាឡឺម៉ង់BioNTechត្រូវរក្សាទុកនិងដឹកជញ្ជូនក្នុងទីតាំងមានសីតុណ្ហភាពដក៧០អង្សាសេ(-70C)និងអាចរក្សាទុកក្នុងទូរទកកកបានតែ៥ថ្ងៃ។
ក្រោយកិច្ចព្រមព្រៀង Pfizerនឹងបញ្ជូនវ៉ាក់សាំងរបស់ខ្លួន១លានដូសអោយម៉ាឡេស៊ីនៅត្រីមាសទី១ឆ្នាំ២០២១ ហើយ១,៧លាន ៥,៨លាន និង៤,៣លានដូសនឹងត្រូវប្រគល់តាមក្រោយនៅត្រីមាសបន្តបន្ទាប់គ្នា។
នាយករដ្ឋមន្ត្រី មូយីតឌីន យ៉ាស៊ីន បាននិយាយកាលពីថ្ងៃសុក្រទី២៧វិច្ឆិកាថា ម៉ាឡេស៊ីនឹងផ្តល់អាទិភាពដល់«ក្រុមប្រឈមខ្ពស់…រួមមានបុគ្គលិកវេជ្ជសាស្ត្រជួរមុខ មនុស្សវ័យចាស់ និងអ្នកជំងឺមិនឆ្លងដូចជាអ្នកជំងឺបេះដូង និងទឹកនោមផ្អែម»។
វ៉ាក់សាំងនេះទំនងជាធានាចាក់បានតែប្រជាជនម៉ាឡេស៊ីត្រឹម៦,៤លាននាក់ ឬ២០ភាគរយនៃប្រជាពលរដ្ឋម៉ាឡេស៊ីហើយ១០ភាគរយទៀតនឹងទទួលវ៉ាក់សាំងបានមកពីគំរោងCovaxដែលគាំទ្រដោយអង្គការសុខភាពពិភពលោក។
សូមបញ្ជាក់ថា ម៉ាឡេស៊ីនឹងចាក់វ៉ាក់សាំងដល់ប្រជាជនខ្លួនដោយមិនគិតថ្លៃ។ កាលពីថ្ងៃសុក្រទី២៧វិច្ឆិកា ប្រទេសនេះមានអ្នកឆ្លងវីរុសកូរ៉ូណាថ្មី១.១០៩នាក់។
ក្នុងពេលជាមួយគ្នា ឥណ្ឌូនេស៊ីដែលជាប្រទេសក្បែរខាងម៉ាឡេស៊ី ក៏កំពុងពិភាក្សាជាមួយមន្ត្រីក្រុមហ៊ុនឳសថ Pfizerនិងដៃគូ Pfizer-BioNTech ដើម្បីទិញវ៉ាក់សាំងមកចាក់អោយប្រជាជននៅឆ្នាំក្រោយ។
បើតាមរបាយការណ៍ កិច្ចពិភាក្សានៅសប្តាហ៍នេះ មានការចូលរួមពីមន្ត្រីក្រសួងសុខាភិបាលឥណ្ឌូនេស៊ីនិងទីភ្នាក់ងារឳសថនិងស្បៀងរបស់អាម៉េរិកហើយវានឹងបន្តទៅសប្តាហ៍ក្រោយ។
ឥណ្ឌូនេស៊ី បានរាយការណ៍ការឆ្លងកូវីដ១៩សរុប៥២២.៥៨១ករណី និង១៦.៥២១នាក់បានស្លាប់ដោយជំងឺនេះ ដែលជាចំនួនឆ្លងនិងស្លាប់ខ្ពស់បំផុតធៀបនឹងការឆ្លងនិងស្លាប់នៅក្នុងប្រទេសអាស៊ីអាគ្នេយ៍ណាមួយ។
ឥណ្ឌូនេស៊ីកន្លងមកក៏ទទួលការធានាពីក្រុមហ៊ុនឳសថចិនSinovac ក្រុមហ៊ុនអាម៉េរិកNovavaxនិងគំរោងCovaxរបស់អង្គការសុខភាពពិភពលោកថានឹងប្រគល់វ៉ាសាំងកូវីដ១៩ចំនួន១៨៩លានដូសផងដែរ។
សូមបញ្ជាក់ថា ឥណ្ឌូនេស៊ីមានប្រជាពលរដ្ឋប្រមាណ២៧០លាននាក់ហើយរដ្ឋាភិបាលមានផែនការចាក់វ៉ាក់សាំងដល់មនុស្ស១០៧,២លាននាក់៕