ប៉ៃលិន ៖ ជនសង្ស័យដែលជាព្រះសង្ឃ ពូកែជេរប្រមាថសមត្ថកិច្ច និងលួចទូរស័ព្ទព្រះសង្ឃដូចគ្នា ព្រមទាំងប្រើប្រាស់គ្រឿងញៀន និងកំពុងល្បីតាមបណ្ដាញសង្គមហ្វេសប៊ុក នៅចុងឆ្នាំ២០១៩ នេះ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញ នៃអធិការនគរបាលក្រុងប៉ៃលិន បញ្ជូនខ្លួនទៅកាន់អយ្យការអមសាលាដំបូងខេត្តប៉ៃលិនហើយ នាព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩នេះ។
បើតាម លោកវរសេនីយ៍ទោ យ៉ែម សារិទ្ធ អធិការនគរបាលក្រុងប៉ៃលិនបានឲ្យដឹងថា ជនសង្ស័យជាព្រះសង្ឃ ដែលកំពុងល្បីតាមបណ្ដាញហ្វេសប៊ុក និងតាមទូរទស្សន៍ក្នុងស្រុក ត្រូវកម្លាំងជំនាញនគរបាលក្រុង សហការគ្នាជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលសង្កាត់ប៉ៃលិន ធ្វើការឃាត់ខ្លួនកាលពីចុងសប្ដាហ៍កន្លងទៅ ពីបទប្រើប្រាស់គ្រឿងញៀន និង បទលួច តាមការស្នើសុំរបស់គណៈកម្មាធិការវត្តពោធិមារាម ហៅវត្តប៉ាហ៊ី និងមន្ទីរធម្មការ និងពុទ្ធសាសនាខេត្ត ត្រូវបញ្ជូនទៅកាន់តុលាការខេត្ត នាព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩នេះ។
លោកអធិការបានបន្តថា ជនសង្ស័យជាសង្ឃ ឈ្មោះ ឈឿយ ពិសិដ្ឋ ព្រះជន្ម២៥ឆ្នាំ មានស្រុកកំណើតនៅខេត្តបាត់ដំបង និងមានទីលំនៅភូមិផ្សាព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន និងចល័តមកស្នាក់នៅរៀនធម៌នៅវត្តពោធិមារាម ហៅវត្តប៉ាហ៊ី ស្ថិតក្នុងភូមិប៉ាហ៊ីត្បូង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន។
លោកអធិការបានបន្តថា នៅពេលសមត្ថកិច្ចចុះសួរនាំ ជនសង្ស័យរូបនេះ បានប្រើពាក្យសំដីជេរប្រមាថមកលើសមត្ថកិច្ចយ៉ាងចាស់ដៃ ប៉ុន្តែនៅពេលដែលធ្វើការឃាត់ខ្លួនបានយកមកកាន់អធិការនគរបាលក្រុងប៉ៃលិន គឺជនសង្ស័យរូបនេះ បានប្រែជាស្លូត មហាស្លូត មិនហ៊ាននិយាយអ្វីទាំងអស់ ដែលធ្វើឲ្យសមត្ថកិច្ចយើងអាចចាត់ការតាមនីតិវិធីផងដែរ។
គួររំលឹកផងដែរថា កាលពីព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្នុងវត្តពោធិមារាម ហៅវត្តប៉ាហ៊ី មានព្រះសង្ឃមួយអង្គព្រះនាម ឈឿយ ពិសិទ្ធ ព្រះជន្ម២៥ឆ្នាំ បានធ្វើការអុកឡុកក្នុងវត្តខាងលើ ដែលគណៈកម្មាធិការវត្ត សង្ស័យប្រើប្រាស់ថ្នាំញៀន ក៏ស្នើសុំសមត្ថកិច្ចក្រុងប៉ៃលិន ចុះអន្តរាគមន៍ រហូតឈានដល់ការស្រាវជ្រាវមួយករណីទៀត ពីបទលួចទូរស័ព្ទព្រះសង្ឃដូចគ្នា រហូតបង្កការភ្ញាក់ផ្អើលក្នុងបណ្ដាញសង្គមហ្វេសប៊ុក ព្រោះតែការជេរប្រមាថលើសមត្ថកិច្ច ពេលចុះអន្តរាគមន៍ផងដែរ៕
អត្ថបទ ៖ សេង សុវណ្ណារិទ្ធ
ពិសី
ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114