ដោយ:សរិទ្ធ/រតនគិរី:ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូមួយបានកើតឡើងនៅម៉ោង៤និង៥៥នាទីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ តាមបណ្តោយផ្លូវជាតិលេខ៧៨ ស្ថិតនៅក្នុងភូមិ១ ឃុំឡាមិញ ស្រុកបរកែវ បណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់ ហើយបានស្លាប់ពេល ដឹកបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្ត។
សមត្ថកិច្ចនគរបាលបានឲ្យដឹងថា ម៉ូតូបានជិះចូលនៅក្នុងគន្លង ផ្លូវរថយន្ត និង បានជ្រុលចង្កូតទៅបុករថយន្តតែម្តង។ អ្នកបើកបរម៉ូតូឈ្មោះ ស៊ី សុធាត់ (ហៅ តួ) ភេទប្រុស អាយុ ២៣ឆ្នាំ មានទីលំនៅភូមិ-ឃុំកើតហេតុខាងលើជិះម៉ូតូ១គ្រឿងម៉ាក ZOOMER ពាក់ស្លាកលេខ ស្ទឹងត្រែង1C-04 83 ពណ៌ក្រហម។ រីឯរថយន្តម៉ាក HYUNDAI MlGHTY ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 3F-20 66 បើកបរដោយឈ្មោះ ស៊ិន វាសនា ភេទប្រុស អាយុ៤៦ឆ្នាំ អ្នករួមដំណើរជាមួយប្រពន្ធឈ្មោះ សុខ លីដា អាយុ៣៨ឆ្នាំ មានទីលំនៅភូមិឈើភ្លើង ឃុំកំពង់ត្រាច ស្រុករមាសហែក ខេត្តស្វាយរៀង។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានចុះមកអន្តរាគមន៍ធ្វើការវាស់វែងរឹបអូសយកមធ្យោបាយទាំង២គ្រឿងទៅរក្សាទុកនៅប៉ុស្ដិ៍រដ្ឋបាលឃុំឡាមិញដើម្បីធ្វើការសម្របសម្រួលគ្នានៅពេលក្រោយ។ ដោយឡែកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ទៅឲ្យសាច់ញាតិដើម្បីយកទៅផ្ទះ៕
