ដោយ៖រ៉ាម៉ន / ភ្នំពេញ៖ ជាការឆ្លើយតបតាមការអញ្ជើញ លោក ឡុង ឌីម៉ង់ ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅសាធារណរដ្ឋកូរ៉េ និងសហការីកាលពីចុងសប្ដាហ៍នេះបានអញ្ជើញបំពេញទស្សនៈកិច្ច និងជួបពិភាក្សាការងារ ជាមួយលោក Kim Tae Oh ប្រធានសម្ព័ន្ធ DGB Financial Group និង DGB Bank នៅទីស្នាក់ការនាទីក្រុងថេហ្គូ ដែលបច្ចុប្បន្ន DGB Bank ក៏បាននឹងកំពុងមានប្រតិបត្តិការជាច្រើនសាខាផងដែរនៅកម្ពុជា។
ក្នុងនោះលោក Kim Tae Oh ប្រធានសម្ព័ន្ធ DGB Financial Group បានថ្លែងអំណរគុណដល់ប្រតិភូស្ថានទូតកម្ពុជាដែលបានបំពេញទស្សនៈកិច្ចនៅទីស្នាក់ការកណ្ដាល ហើយនិងសូមថ្លែងអំណរគុណដល់ឯកឧត្តមទូត ដែលបានជួយបង្កលក្ខណៈដល់ធនាគារ ក៏ដូចជាការគាំទ្រដល់សេវាកម្មធនាគារដែលកំពុងបំពេញប្រតិបត្តិការជាមួយនឹងប្រជាជនកម្ពុជា ក៏ដូចជាសហគមន៍កម្ពុជានៅប្រទេសកូរ៉េ។ ឆ្លៀតក្នុងឱកាសនេះលោកប្រធានក៏បានស្នើសុំឯកឧត្តមទូត ជួយណែនាំបុគ្គលិកសំខាន់ៗមួយចំនួន ដើម្បីកាន់មុខនាទីសំខាន់ៗក្នុងធនាគារ DGB Bank នៅកម្ពុជា។
ជាមួយគ្នានោះលោក ឡុង ឌីម៉ង់ បានទទួលយកសំណើរនេះនិងបានលើកឡើងថា៖ ក្រោយដំណើរទស្សនៈកិច្ចរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រីមកកាន់សាធារណរដ្ឋកូរ៉េ ក៏ដូចជាគោលនយោបាយ New Southern policy របស់លោកប្រធានាធិបតី មូន ជេអ៊ីន ប្រទេសកម្ពុជា និងកូរ៉េ បានដំណើរការ និងបញ្ចប់ការចរចាជុំទី៣លើកិច្ចព្រមព្រៀងដោះដូរពាណិជ្ជកម្មសេរី FTA រវាងប្រទេសទាំងពីរ ហើយកាន់តែល្អប្រសើរនោះ ក្នុងកិច្ចប្រជុំកំពូលអាស៊ាន កាលពីថ្មីៗកន្លងទៅគឺសម្រេចបានកិច្ចព្រមព្រៀងផ្លាស់ប្ដូរពាណិជ្ជកម្មសេរីរវាងប្រទេសនៃសមាជិកអាស៊ាន និងសាធារណរដ្ឋកូរ៉េ ចិន ជប៉ុន អូស្ត្រាលី ញ៉ូសឺលេន RSEP។
លោកអគ្គរាជទូតបន្តថា៖ នេះជាឱកាស និងកាលានុវត្តភាពពិសេសមួយសម្រាប់វិនិយោគកូរ៉េ និងវិស័យធនាគារ ដើម្បីបណ្ដាក់ និងពង្រីកទុនរកស៊ីនៅកម្ពុជា ហើយក៏ស្នើសុំលោកប្រធាន DGB Financial Group ដើម្បីពិនិត្យសិក្សាលើឱកាសនេះ ដែលស្ថានទូតនឹងគាំទ្របង្កលក្ខណៈ។ប្រតិភូទាំងពីរភាគី បានជជែកគ្នាដោយភាពស្និតស្នាល និងទទួលទានអារហាររួមគ្នាផងដែរ៕