ដោយៈ ប.ជ័យ / បន្ទាយមានជ័យៈ បុរសម្នាក់ ដែលអ្នកភូមិ ទទួលស្គាល់ថា មានវិបល្លាសស្មារតី ដោយសារតែបុរសនោះ សេពថ្នាំញៀន និងផឹកស្រាខ្លាំង បានដើរស្រែកឡូឡា បង្កររឿងអ្នកភូមិ ដោយកាន់ពូថៅ ដេញកាប់មនុស្ស ក្នុងភូមិ បណ្តាលឲ្យរបួសធ្ងន់-ស្រាល ចំនួន៥នាក់។ រឿងហេតុនេះ បានកើតឡើង នៅវេលាម៉ោង ៦ ល្ងាច ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចម្ដុំស្រាផ្តិល ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់-ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ត្រី នួននី ណារ៉ូ មេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថ ក្រុងប៉ោយប៉ែត បានឲ្យដឹងថាៈ ប្រជាពលរដ្ឋ បានរាយការណ៍ថា មានជនវិកលចរិតម្នាក់ ឈ្មោះ ក្លឹង សំណាង ភេទប្រុស អាយុ ៣៤ ឆ្នាំ បានយកពូថៅដងឈើ ដេញកាប់មនុស្ស នៅក្នុងភូមិ បណ្តាលឲ្យរបួសធ្ងន់ ស្រាល ចំនួន៥នាក់ ។ បន្ទាប់ពីសេចក្តីរាយការណ៍នេះ បុរសមានវិបល្លាសស្មារតីនោះ ត្រូវបានកម្លាំងកងរាជអាវុធហត្ថ ឃាត់ខ្លួនបានហើយ។
ជនសង្ស័យ បានឆ្លើយថា ខ្លួនគេ បានដេញកាប់លើ ជនរងគ្រោះ អោយរបួសធ្ងន់ ស្រាល បែបនេះ មកពីខ្លួនផឹកស្រា និងប្រើប្រាស់គ្រឿងញៀន ខ្លាំងពេក បណ្តាលឲ្យបាត់បង់ស្មារតី។
លោកវរសេនីយ៍ត្រី នួននី ណារ៉ូ បានឱ្យដឹងថាៈ ជនរងគ្រោះ ក្នុងអំពើហិង្សាទាំង ៥ នាក់នោះ មានៈ ១- ឈ្មោះ ឡាយ ម៉េងលាភ ភេទប្រុស អាយុ៥ឆ្នាំ ។
២-ឈ្មោះ ញិន វណ្ណា ភេទប្រុស អាយុ៣៦ឆ្នាំ ។ ៣-ឈ្មោះ ទូច ឡាយ ភេទប្រុស អាយុ៤៣ឆ្នាំ ទាំងពីរនាក់ បានរងរបួសធ្ងន់ ។ ៤-ឈ្មោះ សេង ចាន់តារា ភេទស្រី អាយុ៥១ឆ្នាំ និង៥- ឈ្មោះ ទូច ឡុក ភេទប្រុស អាយុ៧២ឆ្នាំ រងរបួសស្រាល។ ជនរងគ្រោះទាំង ៥នាក់ រស់នៅកន្លែងកើតហេតុ ខាងលើ។
ទោះបីជាជនសង្ស័យ មើលទៅ ហាក់ដូចជា ជនវិកលចរឹត ក៏ដោយ តែកម្លាំងជំនាញព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត និងខេត្តបន្ទាយមានជ័យ បានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្ត សិនដែរ ដើម្បីចាត់ការ តាមនីតិវិធីច្បាប់៕/V