
ប្រែសម្រួលៈវាសនា/វ៉ាស៊ីនតោន៖ សហរដ្ឋអាម៉េរិកកំពុងបញ្ជូននាវាដឹកយន្តហោះ USS Nimitz និងនាវាចម្បាំងដទៃទៀតទៅកាន់ឈូងសមុទ្រពែក្ស ដើម្បីគាំទ្រការដកទាហានចេញពីអាហ្វហ្គានីស្ថាននិងអ៊ីរ៉ាក់ នេះបើតាមសេចក្តីរាយការណ៍របស់សារព័ត៌មានCNNកាលពីថ្ងៃសៅរ៍។
ការបញ្ជូននាវានេះកើតឡើងចំពេលមានភាពតានតឹងក្នុងតំបន់ឈូងសមុទ្រក្រោយឃាតកម្មលើអ្នកវិទ្យាសាស្ត្រអ៊ីរ៉ង់កាលពីថ្ងៃសុក្រ
CNNបានបន្ថែមថា ការសំរេចបញ្ជូននាវានេះត្រូវបានធ្វើឡើងតាំងពីមុនឃាតកម្មលើអ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែរអ៊ីរ៉ង់ លោកម៉ូសេន ហ្វាករីហ្សាដេស កាលពីថ្ងសុក្រទី២៧វិច្ឆិកាតែវានៅតែអាចប្រើជាសារព្រមានមួយទៅកាន់រដ្ឋាភិបាលក្រុងតេអេរ៉ង់។
រូបភាពបង្ហាញទីតាំងវាយប្រហារសម្លាប់អ្នកវិទ្យាសាស្ត្រអ៊ីរ៉ង់លោកម៉ូសេន ហ្វាករីហ្សាដេសនៅក្រៅក្រុងតេអេរ៉ង់កាលពីថ្ងៃ២៧វិច្ឆិកា
អ៊ីរ៉ង់និយាយថា មានសញ្ញាបញ្ជាក់ថាអ៊ីស្រាអែលទទួលខុសត្រូវចំពោះការស្លាប់របស់អ្នកវិទ្យាសាស្ត្ររបស់ខ្លួននិងបានព្រមានអ៊ីស្រាអែលនិងអាម៉េរិក។ក្រសួងការពារជាតិអ៊ីរ៉ង់បាននិយាយកាលពីថ្ងៃសុក្រថា ប្រធានមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវនិងនវានុវត្តន៍របស់ខ្លួន លោក ហ្វាករីហ្សាដេស ត្រូវបានសម្លាប់ ហើយនៅថ្ងៃសៅរ៍ ប្រធានាធិបតី ហាសសាន រ៉ូហានី បានចោទប្រកាន់អ៊ីស្រាអែលថានៅពីក្រោយការសម្លាប់អ្នករូបវិទ្យានុយក្លេអ៊ែរ រូបនេះ។
ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ប្រចាំអង្គការសហប្រជាជាតិ ក្នុងពេលជាមួយគ្នាបានព្រមានអាម៉េរិកនិងអ៊ីស្រាអែលអំពីចំណាត់ការ«បែបផ្សងព្រេង»។
អាម៉េរិកម្នាក់ និងមន្ត្រីស៊ើបការណ៍២នាក់ទៀតបញ្ជាក់អះអាងប្រាប់កាសែតNew York Timesថា អ៊ីស្រាអែលនៅពីក្រោយការវាយប្រហារនេះ។
តាមដឹងអ៊ីស្រាអែលបានជំរុញអោយរដ្ឋាភិបាលលោកត្រាំ ចាត់ការអោយធ្ងន់លើកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ដោយបាញ់ឬទម្លាក់គ្រាប់កំទេចរ៉េអាក់ទ័រចម្រាញ់សារធាតុនុយក្លេអ៊ែរសំខាន់ៗក្នុងទឹកដីអ៊ីរ៉ង់។តែ ព្រះអង្គម្ចាស់រាជទាយាទអារ៉ាប៊ីសាអូឌីត ដែលបានជួបប្រជុំជាសម្ងាត់ជាមួយ នាយករដ្ឋមន្ត្រីអ៊ីស្រាអ៊ែលនិងរដ្ឋមន្ត្រីការបរទេសអាម៉េរិកកាលពីថ្ងៃអាទិត្យមុន ស្ទាក់ស្ទើរចំពោះផែនការនេះ ។
គេថាព្រះអង្គម្ចាស់រាជទាយាទ ប៊ីន សាល់ម៉ាន់ បានសម្តែងការបារម្ភធ្ងន់ធ្ងរអំពីការវាយប្រហារណាមួយលើទីតាំងនុយក្លអ៊ែរអ៊ីរ៉ង់ ដែលវានឹងនាំមានភាពតានតឹងពេញតំបន់ ដោយទាញអ៊ីស្រាអែល អារ៉ាប៊ីសាអូឌីត និងឈូងសមុទ្រចូលពាក់ព័ន្ធ៕