ដោយៈ គង់ហេង / កំពង់ចាមៈ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានបំផុសចលនា ឱ្យប្រជាពលរដ្ឋ ដាំដើមឈើ នៅខាងមុខលំនៅស្ថាន ឱ្យបានមួយដើម និងដាក់អំពូលបំភ្លឺ ពេលយប់មួយផ្ទះមួយ ដើម្បីឱ្យភូមិ សង្កាត់ ឃុំ បានស្រស់ស្អាត មានសោភ័ណភាពល្អ ផ្តល់នូវផាសុកភាព ហើយនឹងអាចឈានដល់ ការប្រឡងប្រណាំង នាពេលអនាគត។
លោកអភិបាលខេត្តកំពង់ចាម បានមានប្រសាសន៍ ចលនាឱ្យប្រជាពលរដ្ឋ ដាំដើមឈើ និងដាក់អំពូលបំភ្លឺបែបនេះ នៅក្នុងឱកាសដែលលោក បានអញ្ជើញចូលរួមពិធី បើកការដ្ឋានស្ថាបនា ផ្លូវក្រាលកៅស៊ូមួយខ្សែ និងសម្ពោធដាក់ឱ្យប្រើប្រាស់ ផ្លូវក្រាលកៅស៊ូ ចំនួន ប្រាំមួយ ខ្សែ នៅក្នុងសាលាបឋមសិក្សា កំពង់រលីង ក្រុងកំពង់ចាម នាព្រឹកថ្ងៃទី ២២ មករា កន្លងទៅ ។
អភិបាលខេត្តកំពង់ចាម ចលនាប្រជាពលរដ្ឋ ឱ្យដាំដើមឈើ នៅខាងមុខផ្ទះ និងដាក់អំពូលភ្លើង
លោក អ៊ុន ចាន់ដា បានមានប្រសាសន៍ថាៈ ខាងក្រុមជាងស្ថាបនាផ្លូវក្រាលកៅស៊ូ ប្រភេទឌីប៊ីអេសធី មួយខ្សែ ប្រវែងជាង ប្រាំមួយ គីឡូម៉ែត្រ ពីភូមិបឹងស្នាយ សង្កាត់សំបួរមាស ក្រុងកំពង់ចាម ទៅដល់ចំណុចប្រសព្វផ្លូវខេត្ត លេខ២៧០ ស្ថិតក្នុងភូមិអូរឈ្លើង ឃុំកោះរកា ស្រុកកំពង់សៀម នឹងចំណាយពេលប្រមាណ កន្លះឆ្នាំ ( ប្រាំមួយខែ) និងអាចរួចរាល់សម្ពោធ ដាក់ឱ្យប្រើប្រាស់បានហើយ។
លោកបានបន្ថែមថាៈ ប៉ុន្តែនៅពេលបានទទួល ផ្លូវប្រើប្រាស់ល្អស្អាតហើយ សូមចលនាបងប្អូន ប្រជាពលរដ្ឋ មានលំនៅស្ថាន តាមដងផ្លូវមួយខ្សែនេះ ដាក់ដាំដើមឈើ ខាងមុខផ្ទះ ឱ្យបានមួយ ផ្ទះចំនួនមួយដើម និងដាក់អំពូលប្រើពន្លឺព្រះអាទិត្យ បំភ្លឺពេលយប់ចំនួន មួយដើមទៀត គឺចម្លងឱ្យដូចភូមិ ឃុំ សង្កាត់ដទៃ គេធ្លាប់បានធ្វើហើយ ដើម្បីឱ្យភូមិឃុំសង្កាត់របស់យើង ស្រស់ស្អាត មានសោភ័ណភាពល្អ ផ្តល់ផាសុកភាព ក្នុងការរស់នៅ ហើយក៏នឹងអាចឈាន ដល់ការប្រឡងប្រណាំង ពីភូមិមួយ ទៅភូមិមួយ ពីសំណាក់ប្រជាពលរដ្ឋ។ ដោយកិច្ចការនេះ សូមឱ្យលោកមេភូមិ មេឃុំ និងចៅសង្កាត់ ជាអ្នកចលនាផ្ទាល់។
អភិបាលខេត្តកំពង់ចាម ចលនាប្រជាពលរដ្ឋ ឱ្យដាំដើមឈើ នៅខាងមុខផ្ទះ និងដាក់អំពូលភ្លើង
ស្ត្រីឈ្មោះ ភិន ស្រ៊ីន នៅភូមិបឹងបាសាក់ សង្កាត់សំបួរមាស កំពុងចងបាច់ត្រកួន សម្រាប់ទុកឱ្យកូន យកទៅលក់ បានពោលនៅរសៀលថ្ងៃទី២៣ មករាថាៈ ថ្វីដ្បិតតែអ្នកស្រី មិនចូលរួមពិធីសម្ពោធ បើកការដ្ឋានស្ថាបនាផ្លូវ ក្រាលកៅស៊ូ នៅខាងមុខផ្ទះ នៅព្រឹកថ្ងៃទី ២២ មករា មែន ប៉ុន្តែអ្នកស្រី សូមគាំទ្រប្រសាសន៍ លោកអភិបាលខេត្តកំពង់ចាម អ៊ុន ចាន់ដា ដែលចលនាឱ្យប្រជាពលរដ្ឋ ដាំដើមឈើ ខាងមុខផ្ទះមួយ ឱ្យបានចំនួន មួយ ដើម និងដាក់អំពូលភ្លើងបំភ្លឺ ពេលយប់នេះ។
ស្រី្តវ័យ ៦៩ ឆ្នាំរូបនេះ បានពោលបន្តថាៈ ដោយសារដើមឈើ ក្រៅពីជួយបិទបាំងកម្តៅថ្ងៃ គឺបានធ្វើឱ្យមានភាពស្រស់ស្អាត ហើយអំពូលភ្លើង បានជួយបំភ្លឺផ្លូវ ងាយស្រួល ក្នុងការធ្វើដំណើរ និងជួយការពារសន្តិសុខ ពេលធ្វើដំណើរ នៅពេលយប់ផងដែរ។ ប៉ុន្តែសំណូមពរឱ្យ អាជ្ញាធរ ជួយផ្តល់ដើមឈើ សម្រាប់ការដាំនេះ។
អ្នកស្រី ឃាង ស៊ីផាន ចៅសង្កាត់សំបួរមាស បានឆ្លើយតបថាៈ ទាក់ទិននឹងការដែល លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានប្រាប់អាជ្ញាធរភូមិ សង្កាត់ ចលនាប្រជាពលរដ្ឋ ដាំដើមឈើ ចំនួនមួយដើម និងបង្គោលភ្លើងបំពាក់អំពូលបំភ្លឺ តាមដងផ្លូវមួយផ្ទះ មួយនេះ គឺមានភូមិចំនួនពីរ ត្រូវការដើមឈើ ជាកូនចំនួនប្រមាណ ៥០០ ដើម ដោយអ្នកស្រី នឹងស្នើសុំបន្តទៅលោកអភិបាលខេត្ត ៕/V