
ប្រែសម្រួល : កញ្ញាដាលីស /តេអេរ៉ង់៖ ការជជែកវែកញែកបានផ្ទុះឡើងនៅក្នុងប្រទេសអ៊ីរ៉ង់កាលពីថ្ងៃអាទិត្យជុំវិញវិធីនិងពេលវេលាត្រូវឆ្លើយតបទៅនឹងការធ្វើឃាតអ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែរកំពូលរបស់ខ្លួន ខណៈសាកសពរបស់គាត់ត្រូវបានតម្កល់នៅឯទីសក្ការៈបូជានិយកាយស៊ីអ៊ីតដើម្បីរៀបចំបញ្ចុះ។
ពីរថ្ងៃបន្ទាប់ពីលោក ម៉ូសេន ហ្វាករីហ្សាដេស បានទទួលមរណភាពដោយសាររបួសនៅក្នុងការបាញ់ប្រហាររវាងអង្គរក្សរបស់គាត់និងខ្មាន់កាំភ្លើងមិនស្គាល់អត្តសញ្ញាណនៅជិតទីក្រុងតេអេរ៉ង់សភាបានទាមទារឱ្យបញ្ឈប់ការធ្វើអធិការកិច្ចរបស់អន្តរជាតិនៅទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់ ខណៈមន្ត្រីជាន់ខ្ពស់មួយរូបបានណែនាំឱ្យអ៊ីរ៉ង់គួរតែចាកចេញពីសន្ធិសញ្ញាមិនរីកសាយអាវុធនុយក្លេអ៊ែរជាសកល។
ក្រុមប្រឹក្សាសន្តិសុខជាតិជាន់ខ្ពស់របស់អ៊ីរ៉ង់ជាធម្មតាគឺជាអ្នកធ្វើសេចក្តីសម្រេចចិត្តទាក់ទងនឹងកម្មវិធីនុយក្លេអ៊ែររបស់ប្រទេសហើយសេចក្តីព្រាងច្បាប់នៅសភាត្រូវតែអនុម័តដោយក្រុមប្រឹក្សាអាណាព្យាបាលដ៏មានឥទ្ធិពល។
ប្រធានាធិបតីហាសសាន់ រូហានីបានសង្កត់ធ្ងន់ថា អ៊ីរ៉ង់នឹងសងសឹកតាមពេលវេលាកំណត់ជាក់លាក់ ហើយនឹងមិនប្រញាប់ប្រញាល់ឡើយ ព្រោះខ្លាចជាប់អន្ទាក់គេ។
អ៊ីស្រាអែលនិយាយថា លោក ហ្វាករីហ្សាដេសគឺជាប្រធានកម្មវិធីនុយក្លេអ៊ែរយោធាអ៊ីរ៉ង់ ដែលអត្ថិភាពរបស់វាត្រូវបានសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់បដិសេធជាប្រចាំហើយរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនបានដាក់ទណ្ឌកម្មលើរូបលោកកាលពីឆ្នាំ ២០០៨ ចំពោះសកម្មភាពដែលទាក់ទងនឹងគ្រាប់បែកបរមាណូរបស់អ៊ីរ៉ង់។
យោងតាមប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់សាកសពរបស់អ្នកវិទ្យាសាស្ត្ររូបនេះត្រូវបានយកទៅធ្វើពិធីមួយកាលពីថ្ងៃអាទិត្យនៅទីសក្ការៈបូជាដ៏សំខាន់មួយនៅក្នុងទីក្រុងខូមមុនពេលដឹកទៅកាន់ទីសក្ការៈបូជារបស់ស្ថាបនិកសាធារណរដ្ឋអ៊ីស្លាម លោក អ៊ីម៉ាន់ ខូមេនី។
ក្រសួងការពារជាតិបាននិយាយនៅលើវេបសាយរបស់ខ្លួនដោយមិនបានបញ្ជាក់ពីទីកន្លែងយ៉ាងដូច្នេះថា ពិធីបុណ្យសពរបស់លោក ម៉ូសេន ហ្វាករីហ្សដេសនឹងត្រូវធ្វើឡើងនៅថ្ងៃចន្ទនេះដោយមានវត្តមានរបស់មេបញ្ជាការយោធាជាន់ខ្ពស់និងក្រុមគ្រួសាររបស់គាត់៕
សពលោក ម៉ូសេន ហ្វាករីហ្សាដេស នឹងត្រូវបញ្ចុះនៅថ្ងៃចន្ទនេះ