រាជធានីភ្នំពេញ ៖ នៅកម្ពុជាមានសមាគមមួយឈ្មោះថា សមាគមអ្នកចិញ្ចឹមជ្រូកកម្ពុជា ។ ចង់សួរថា តើប្រធានសមាគមដឹងទេថា មានជ្រូកប៉ុន្មានក្បាលដែលនាំចូលពីប្រទេសថៃ? ចូលតាមច្រកណា?មួយថ្ងៃប៉ុន្មានក្បាល? តើមានប៉ុន្មានក្រុមហ៊ុន ដែលមានអាជ្ញាប័ណ្ណនាំចូល? សំណួរដែលគ្មានចម្លើយនេះ ដោយសារតែពុំអាចទាក់ទងបានតាមទូរស័ព្ទ ព្រោះតែទូរស័ព្ទចូលគ្មានអ្នកលើក ។

ប៉ុន្តែតាមរយៈការស្រាវជ្រាវរបស់កោះសន្តិភាពពីប្រភពជឿជាក់មួយ ទំនងមិនខុសច្រើនទេ បានទម្លាយឱ្យដឹងដោយសង្ខេបថា សព្វថ្ងៃនេះ មានក្រុមហ៊ុនចំនួន៧ដែលមានអាជ្ញាប័ណ្ណនាំជ្រូកចូលពីប្រទេសថៃមកចែកចាយនៅកម្ពុជា ។ អាជ្ញាប័ណ្ណមួយៗចំណាយអស់ច្រើនណាស់ ស្ទើរមិនគួរឱ្យជឿ ដែលយើងផ្សាយជូនពេលក្រោយទៀត ដើម្បីកុំឱ្យគេប្រកែកពីម្ចាស់អាជ្ញាប័ណ្ណម្នាក់ដែលមានចិត្តក្លាហាននិយាយ ។
ប្រភពជឿជាក់ដដែលទម្លាយថា ពិតមែនក្រុមហ៊ុន៧ ដែលមានអាជ្ញាប័ណ្ណ ប៉ុន្តែមានមន្ត្រីជាន់ខ្ពស់មួយរូបនៅក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ លោកសៀក ឡេង ត្រូវបានគេឱ្យឈ្មោះថា ជាអ្នក «បោះមេ» បានប្រមូលក្រុមហ៊ុនទាំង៧នេះ ចូលមកមូលដូចបាល់ស្ថិតក្រោមរូបភាពក្រុមហ៊ុនមួយផ្តាច់មុខឈ្មោះលឹម ស៊ីវមី ដែលមានឧកញ៉ា លឹម សុផល ជាប្រធានអ្នកគ្រប់គ្រង ។ ៦ក្រុមហ៊ុន ត្រូវនៅស្ងៀមទុកឱ្យក្រុមហ៊ុនលឹម ស៊ីវមី ដែលមានលោកលឹម សុផល ជាអ្នកចាត់ចែងនាំចូលផ្តាច់មុខ។ចំណែកអ្នកបោះមេ ឱ្យមានលំនឹងនោះ គឺមន្ត្រីជាន់ខ្ពស់មួយរូបរបស់ក្រសួងគឺលោកសៀក ឡេង ជាកូនប្រសារផងដែររបស់លោករដ្ឋមន្ត្រី ។

ពិតជាមិនធម្មតា និងគ្មានហ៊ានប្រកែកព្រោះមួយក្រុមហ៊ុនៗ តាមក្រុមហ៊ុនមួយសុំមិនបញ្ចេញឈ្មោះប្រាប់ថា បានទទួលដូចៗគ្នា៦ម៉ឺនដុល្លារមួយខែ ដោយមិនបាច់រកស៊ី ចាំតែទទួលផលទៅហើយនៅឱ្យស្ងៀម ព្រោះបានផ្ទេរសិទ្ធិហើយ ។
ក្រុមហ៊ុនមួយដែលមិនសប្បាយចិត្តនូវការចាប់មូលចូលគ្នានេះ សុំមិនបញ្ចេញឈ្មោះប្រាប់កោះសន្តិភាពថា ក្រុមហ៊ុនមួយមានសិទ្ធិនាំចូលជ្រូកប្រចាំថ្ងៃ៩៦០ក្បាល ។ ដូច្នេះ ៧ក្រុមហ៊ុនអាចនាំជ្រូកចូលជាមធ្យមជាង៦.០០០ក្បាល ក្នុងមួយថ្ងៃៗ ហើយក្នុងមួយរថយន្តផ្ទុកជ្រូកបាន៣០០ក្បាល ជាមធ្យម ។

តើមូលហេតុអ្វីចាំបាច់ចាប់ទាំង៧ក្រុមហ៊ុនឱ្យស្ថិតនៅក្រោមការគ្រប់គ្រងតែមួយក្រុមហ៊ុន?មានចម្លើយថា ដើម្បីរក្សាតម្លៃ ដែលស្រេចតែគេដាក់ ។ កុំឱ្យមានការប្រកួតប្រជែងតម្លៃ ។ ម្ល៉ោះហើយសាច់ជ្រូកឡើងថ្លៃមិនដែលចុះស្រកទេ នេះជាល្បែងឃុបឃិតផ្តាច់មុខ ។ចំណែកមេពេទ្យសត្វធំ លោកតាន់ ផាន់ណារ៉ា ត្រូវបានគេទម្លាយស្តីពីការឃុបឃិតគ្នាធំណាស់ ជាមួយក្រុមហ៊ុននាំជ្រូកចូល ។
ប៉ុន្តែដោយសារតែពុំអាចសុំការបំភ្លឺបានលើបញ្ហានេះ ពីលោកតាន់ ផាន់ណារ៉ា បាន យើងនឹងចេញផ្សាយនៅពេលក្រោយទៀត ។ ចំណែកលោកសៀក ឡេង ដែលគេអះអាងថា ជាអ្នកនៅពីលើបំផុត នៃក្រុមហ៊ុនលឹម ស៊ីវមី ក៏ពុំទាន់ទទួលបានការបំភ្លឺដែរ ព្រោះទំនាក់ទំនងពុំបានតាមទូរស័ព្ទ ។

ក្នុងហេតុការណ៍ដូចគ្នានេះដែរ នៅច្រកទ្វារអន្តរជាតិអូរស្មាច់ ដែលជាច្រកតែមួយសម្រាប់ក្រុមហ៊ុនលឹម សុផល នាំជ្រូកចូលនោះ មន្ត្រីច្រកទ្វារម្នាក់ប្រាប់ថា ពេលខ្លះក្នុងមួយថ្ងៃជាមធ្យមឡានយក្សរបស់ថៃដឹកចូលមកសាងដាក់តាមស្តង់ច្រើនកន្លែង ដើម្បីឡានខ្មែរដឹកបន្ត ។ មេការ២នាក់ប្តីប្រពន្ធឈ្មោះកែវ ឋានៈ និងភរិយាឈ្មោះចែ ធំ ជាអ្នករត់ការ បើកផ្លូវមិនដែលទើសទីណាមួយទេ ។
ឡានយក្សមួយគ្រឿងៗផ្ទុកជាមធ្យមជ្រូក៣០០ក្បាល ។ មេការឈ្មោះកែវ ឋានៈ និងប្រពន្ធចែធំ តំណាងឱ្យឈ្មោះហេង មេក្រុមហ៊ុនដានីដេងអ៊ឹមផតអិចផត ដែលមានឧកញ៉ាលឹម សុផល ជាមេក្រុមហ៊ុនផ្តាច់មុខនៅពីលើ ។
ព័ត៌មានពិស្តារបន្តមានផ្សាយជូននៅកាសែតកោះសន្តិភាព ។
