ដោយៈ សុខុម / ស្ទឹងត្រែងៈ រថយន្តពាក់ស្លាកលេខខេមរភូមិន្ទ បានជ្រុលចង្កូត ធ្លាក់ពីលើផ្លូវ ដោយសារអ្នកបើកបរ បញ្ជារថយន្ត ក្នុងល្បឿនលឿន បណ្ដាលឱ្យក្រឡាប់ ជាច្រើនត្រឡប់ នៅលើផ្លូវក្រួសក្រហម ចូលទៅឃុំព្រះរំកិល ស្រុកបុរីអូរស្វាយ សែនជ័យ នៅវេលាម៉ោង ៨ ព្រឹក ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២០។ នៅក្នុងហេតុការណ៍នោះ បណ្ដាលឱ្យមានមនុស្ស រងរបួសចំនួន ពីរនាក់ គឺរបួសធ្ងន់ម្នាក់ របួសស្រាលម្នាក់ ។
ប្រភពព័ត៌មាន បានឲ្យដឹងថា រថយន្តពាក់ស្លាកលេខខេមរភូមិន្ទ បានធ្វើដំណើរ ពីទឹកដីខេត្តព្រះវិហារ មកកាន់ខេត្តស្ទឹងត្រែង។ លុះពេលមកដល់ ចំណុចកើតហេតុ ភូមិសាស្ត្រឃុំព្រះរំកិល ស្រុកបុរីអូរស្វាយ សែនជ័យ អ្នកបើកបរ បានបញ្ជារថយន្ត ក្នុងល្បឿនលឿន ក៏ជ្រុលទៅលើផ្លូវក្រាលក្រួសក្រហម បណ្ដាលឱ្យរអិលកង់ ធ្លាក់ពីលើផ្លូវតែម្តង។
ប្រភពព័ត៌មាន បានឲ្យដឹងទៀតថា ក្រោយពេលកើតហេតុ ភ្លាមៗនោះ សមត្ថកិច្ច មិនទាន់ដឹងអត្តសញ្ញាណ ជនរងគ្រោះនៅឡើយទេ។ អាជ្ញាធរឃុំព្រះរំកិល បានបញ្ជូនជនរងគ្រោះ មកកាន់មន្ទីរពេទ្យ ខេត្តស្ទឹងត្រែង ដើម្បីឱ្យគ្រូពេទ្យ ជួយសង្គ្រោះបន្ទាន់៕/V