
ប្រែសម្រួលៈវាសនា/តូក្យូ៖ រដ្ឋមន្ត្រីការបរទេសចិនលោកវ៉ាង យី បានជួប សមភាគីជប៉ុននៅក្រុងតូក្យូ កាលពីថ្ងៃអង្គារ ដើម្បីពិភាក្សារកវិធីធ្វើអោយសេដ្ឋកិច្ចរបស់គេដែលរងគ្រោះដោយជំងឺឆ្លងមានសកម្មភាពឡើងវិញ។
គេរំពឹងថាលោកវ៉ាង និងរដ្ឋមន្ត្រីការបរទេសជប៉ុន តូស៊ីមីតស៊ូ ម៉ូតេហ្គី ពិភាក្សាអំពីការបន្តដំណើរធុរកិច្ចឡើងវិញរវាងមហាអំណាចសេដ្ឋកិច្ចទី២និងទី៣ក្នុងលោក តាមរយៈកម្មវិធី«ផ្លូវធុរកិច្ច»មួយដែលអនុញ្ញាតអោយភ្ញៀវចូលរួមពាក់ព័ន្ធសកម្មភាពធុរកិច្ចមានកំហិតក្នុងអំឡុងការធ្វើចត្តាឡីស័ក១៤ថ្ងៃ។
ជប៉ុនកាលពីពេលថ្មីៗបានរៀបចំកម្មវិធីដូច្នេះជាមួយប្រទេអាស៊ីមួយចំនួនដែលមានការឆ្លងកូវីដ១៩តិច។
ដំណើរទស្សនកិច្ចរបស់វ៉ាងកើតឡើងនៅពេលជប៉ុនកំពុងប្រវេសប្រវាសនឹងការផ្ទុះឡើងការឆ្លងវីរុសកូរ៉ូណាជាថ្មី ហើយរដ្ឋាភិបាលខិតខំតស៊ូធ្វើអោយមានតុល្យភាពរវាងការបង្ការទប់ស្កាត់ជំងឺ និងដំណើរការសេដ្ឋកិច្ច។
លោកវ៉ាង ត្រូវជួបពិភាក្សាផងដែរជាមួយនាយករដ្ឋមន្ត្រីជប៉ុនលោក យ៉ូស៊ីហ៊ីដេ ស៊ូហ្កា នៅថ្ងៃពុធ ។
សូមបញ្ជាក់ថា ជប៉ុននិងចិនមានទំនាក់ទំនងមិនសូវជាល្អនឹងគ្នាដោយសារតែជម្លោះទឹកដីនិងប្រវត្តិសម័យសង្គ្រាម។តែវាបានជាប្រែមកល្អប្រសើរនៅប៉ុន្មានឆ្នាំមកនេះនៅពេលចិនជាប់មានជម្លោះពាណិជ្ជកម្មជាមួយអាម៉េរិកហើយជប៉ុនក្លាយជាដៃគូពាណិជ្ជកម្មសំខាន់មួយរបស់ចិន ។
បន្ទាប់ពីទស្សនកិច្ចជប៉ុន លោកវ៉ាង នឹងបន្តដំណើរទៅកូរ៉េខាងត្បូង៕
រដ្ឋមន្ត្រីការបរទេសចិនលោកវ៉ាង យី (ឆ្វេង)និងសមភាគីជប៉ុនជល់កែងដៃគ្នាជាការស្វាគមន៍សម័យកូវីដ ក្នុងជំនួបនៅតូក្យូកាលពីថ្ងៃ២៤វិច្ឆិកា