ដោយ: ទេពកង្រី / ខេត្តកំពង់ឆ្នាំង: សាកសពបុរសម្នាក់ត្រូវគេប្រទះឃើញស្លាប់អណ្តែតទឹកទន្លេ ដែលហេតុការណ៍បង្កឲ្យភ្ញាក់ផ្អើលនៅវេលាម៉ោង៨និង៣០នាទីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចជិតផែថ្មី ស្ថិតក្នងភូមិចុងកោះ សង្កាត់ផ្សារឆ្នាំង ក្រុងនិងខេត្តកំពង់ឆ្នាំង។
អធិការនគរបាលក្រុងកំពង់ឆ្នាំង លោកវរសេនីយ៍ឯក ឆាយ ខេរ័ត្ន បានឲ្យដឹងថ្ងៃនេះថា សាសពជនរងគ្រោះត្រូវបានគេស្គាល់ឈ្មោះ យុន ម៉ៅ ភេទប្រុស អាយុប្រហែលជាង៣០ឆ្នាំ មានទីលំនៅភូមិកំពង់ បឹងឃុំកំពង់ហាវ ស្រុកកំពង់លែង។
សេចក្តីរាយការណ៍ពីប្រជាពលរដ្ឋបានឲ្យដឹងថា ជនរងគ្រោះត្រូវបានបាត់ចេញពីផ្ទះរយៈពេល ៣ថ្ងៃមកហើយ ក្រុមគ្រួសារបានដើររកដែរ តែមិនឃើញ។ ប៉ុន្តែថ្ងៃនេះត្រូវបានប្រទះឃើញលង់ទឹកស្លាប់នៅក្រុងកំពង់ឆ្នាំងទៅវិញ។
សមត្ថកិច្ចនគរបាលក្រុងកំពង់ឆ្នាំង បានឲ្យដឹងទៀតថា កម្លាំងជំនាញអធិការដ្ឋាន សហការជាមួយការិយាល័យជំនាញ រួមទាំងក្រុមគ្រូពេទ្យបានចុះពិនិត្យសពជនរងគ្រោះនៅកន្លែងកើតហេតុតាមនីតិវិធី។ លទ្ធផលពិនិត្យឃើញថា សាកសពជនរងគ្រោះពុំមានស្នាមរបួស ដែលពាក់ព័ន្ធនឹងអំពើឃាតកម្មអ្វីឡើយ គឺស្លាប់ដោយសារការលង់ទឹក៕