
ប្រែសម្រួល : កញ្ញាដាលីស/ហ្វីឡាដែលហ្វៀ ៖ ក្រុមមេធាវីរបស់លោកប្រធានាធិបតីដូណាល់ ត្រាំបានរងបរាជ័យម្តងទៀតនៅតុលាការកាលពីថ្ងៃសុក្រទី២៧វិច្ឆិកាខណៈសាលាឧទ្ធរណ៍សហព័ន្ធនៅទីក្រុងហ្វីឡាដែលហ្វៀបានច្រានចោលទាំងស្រុងនូវកិច្ចប្រឹងប្រែងចុងក្រោយរបស់ក្រុមយុទ្ធនាការត្រាំដើម្បីជំទាស់នឹងលទ្ធផលនៃការបោះឆ្នោតរបស់រដ្ឋផេនស៊ីលវ៉ានៀ។
ក្រុមមេធាវីរបស់លោកត្រាំប្តេជ្ញាថានឹងប្តឹងទៅតុលាការកំពូលទៀត ទោះបីជាមានការវាយតម្លៃពីចៅក្រមថា “ការអះអាងរបស់យុទ្ធនាការនេះមិនមានមូលដ្ឋានក៏ដោយ”។
លោកចៅក្រមសាលាឧទ្ធរណ៍សហព័ន្ធទី ៣ ឈ្មោះ ស្តេហ្វាណូស បាយបាស់ ដែលតែងតាំងដោយលោកត្រាំ បានសរសេរសម្រាប់ក្រុមចៅក្រមបីរូបដែលអ្នកទាំងបីសុទ្ធតែត្រូវបានតែងតាំងដោយប្រធានាធិបតីរបស់បក្សសាធារណរដ្ឋរូបនេះ បាននិយាយថា “ការបោះឆ្នោតដោយសេរីត្រឹមត្រូវនិងយុត្តិធម៌គឺជាអាយុជីវិតនៃលទ្ធិប្រជាធិបតេយ្យរបស់យើង។ការចោទប្រកាន់អំពីភាពអយុត្តិធម៌គឺមានសភាពធ្ងន់ធ្ងរណាស់។ ប៉ុន្តែការហៅការបោះឆ្នោតថាមិនយុត្តិធម៌រឹតតែមិនសមហេតុផល។ ការចោទប្រកាន់គឺតម្រូវឱ្យមានអំណះអំណាងជាក់លាក់និងបន្ទាប់មកគឺភស្តុតាងរឹងមាំ។ នៅទីនេះយើងពុំមានទាំងពីរនេះទេ”។
ករណីបណ្តឹងនេះត្រូវបានលើកយកមកជជែកវែកញែកកាលពីសប្តាហ៍មុននៅក្នុងតុលាការជាន់ទាបមួយដោយមេធាវីត្រាំគឺ លោក រូឌី ជូលីអានីដែលទទូចក្នុងអំឡុងការជជែកវែកញែកផ្ទាល់មាត់៥ម៉ោងថា ការបោះឆ្នោតប្រធានាធិបតីឆ្នាំ ២០២០ ត្រូវបានរំខានដោយការលួចបន្លំយ៉ាងទូលំទូលាយនៅក្នុងរដ្ឋផេនស៊ីលវ៉ានៀ។ ទោះយ៉ាងណាលោកជូលីអានីមិនបានផ្តល់ភស្តុតាងជាក់ស្តែងណាមួយនៅក្នុងតុលាការទេ។
លោក ម៉ាត់ធូ ប្រ៊ែន ចៅក្រមនៅសហរដ្ឋអាម៉េរិកមួយរូបទៀតមកពីគណបក្សសាធារណរដ្ឋ បាននិយាយថា ពាក្យបណ្តឹងដែលពោរពេញទៅដោយកំហុសឆ្គងនៃយុទ្ធនាការត្រាំត្រូវបានផ្គុំចូលគ្នាគ្មានក្បាលកន្ទុយ “ដូចបិសាចហ្វ្រែងខិនស្តាញ” យ៉ាងអ៊ីចឹង និងបដិសេធលោកជូលីអានីនូវសិទ្ធិក្នុងការកែប្រែពាក្យបណ្តឹងនោះជាលើកទីពីរ។
ចៅក្រមសាលាឧទ្ធរណ៍សហព័ន្ធទី៣របស់សហរដ្ឋអាម៉េរិកបានហៅការកែប្រែណាមួយថា “ឥតប្រយោជន៍” ខណៈដែលប្រធានចៅក្រមលោក ឌី ប្រ៊ូក ស្មីត និងចៅក្រម ម៉ៃឃើល ឆេការ៉េសបានស្ថិតនៅក្នុងក្រុមជាមួយលោកបាយបាស់ដែរ ដែលជាអតីតសាស្ត្រាចារ្យច្បាប់នៃសាកលវិទ្យាល័យផេនស៊ីលវ៉ានៀ៕
សមរភូមិចុងក្រោយរបស់ត្រាំកាន់តែអស់សង្ឃឹម នៅពេលលោកជ្រើសយកផ្លូវច្បាប់ដើម្បីកែប្រែលទ្ធផលឆ្នោត