
ដោយៈ ញ៉ែម សុផល/ភ្នំពេញៈយោងតាមសេចក្តីប្រកាសព័ត៌មាននៅលើគេហ ទំព័រផ្សារមូលបត្រកម្ពុជាកាលពីថ្ងៃទី២៣ខែវិច្ឆិកា ឆ្នាំ២០២០ ធនាគារ អេស៊ីលីដា ភីអិល ស៊ី ជាធនាគារពាណិជ្ជដំបូងដែលបានចុះបញ្ជីជាក្រុមហ៊ុនបោះផ្សាយលក់មូលបត្រកម្មសិទ្ធិនៅក្នុងផ្សារមូលបត្រកម្ពុជា បានរៀបចំកិច្ចប្រជុំមហាសន្និបាតភាគហ៊ុនិកវិ សាមញ្ញដឹកនាំដោយលោក ឆាយ សឿន ប្រធានក្រុមប្រឹក្សាភិបាលរបស់ធនាគារ។
ជាមួយគ្នានេះផងដែរ កិច្ចប្រជុំមហាសន្និបាតភាគហ៊ុនិកវិសាមញ្ញ មានការចូលរួមពីភាគហ៊ុនិកសាធារណៈ និងមានរបៀបវារៈចំនួន៩ ត្រូវបានអនុម័ត ដែលក្នុងនោះរបៀបវារៈទីមួយ ទទួលចំណាប់អារម្មណ៍គឺការផ្លាស់ប្តូរស្លាកសញ្ញាថ្មីរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី។
បណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី បានមាន ប្រសាសន៍ថា៖ធនាគារអេស៊ីលីដាភីអិលស៊ីបានផ្លាស់ប្តូររូបរាងស្លាកសញ្ញាថ្មីដោយ រក្សានូវនិមិត្តរូប អត្តសញ្ញាណ និងអត្ថន័យដែលធនាគារបានកសាងជាង២៩ឆ្នាំកន្លងមក។
លោកប្រធាននាយកប្រតិបត្តិបានបន្តថា៖ស្លាកសញ្ញាថ្មីធនាគារអេស៊ីលីដាភីអិលស៊ី ជា “និមិត្តរូបបក្សីសួគ៌” ឈរនៅចំកណ្តាលរង្វង់មូលពណ៌ខៀវទឹកប៊ិច ដែលបង្ហាញពីភាពរឹងមាំ និងវឌ្ឍនភាពប្រកបដោយចីរភាព។
បណ្ឌិត អ៊ិន ចាន់នីបានគូសបញ្ជាក់ថា គោលបំណង នៃការផ្លាស់ប្តូរស្លាកសញ្ញាថ្មី របស់ធនាគារស្របតាមទស្សនៈ បេសកម្ម យុទ្ធសាស្ត្រនិងការអភិវឌ្ឍន៍បច្ចេកវិទ្យាហិរញ្ញវត្ថុទាន់សម័យជាសកល។ ចំណែកពណ៌នៃស្លាកសញ្ញាថ្មី គឺមានបីពណ៌ គឺទី១ ពណ៌ស តំណាងឲ្យអភិសមាចារ (តម្លាភាព ភាពស្មោះត្រង់ និងសុចរិតភាព) ទី២ ពណ៌មាស តំណាងឲ្យគុណតម្លៃ និងគុណភាពនិងទី៣ពណ៌ខៀវទឹកប៊ិកតំណាងឲ្យសាមគ្គីភាពស្ថិរភាពនិងសុវត្ថិភាព។រឺឯពណ៌ទាំងបីបញ្ចូលគ្នាប្រៀបទៅនឹងគ្រាប់ពូជនិងធនធានដែលបានរីកដុះដាលនិងការអភិវឌ្ឍក្នុងវិស័យហិរញ្ញវត្ថុប្រកបដោយចីរភាព ។
បណ្ឌិត អ៊ិន ចាន់នី បានបន្ថែមទៀតថា ស្លាកសញ្ញាថ្មី គ្រោងនឹងរៀបចំដាក់ឲ្យប្រើប្រាស់ចាប់ពីខែមករា ឆ្នាំ២០២១។ លោកបណ្ឌិតសូមថ្លែងអំណរគុណជូនចំពោះគ្រប់ភាគីពាក់ព័ន្ធ អតិថិជន ភាគហ៊ុនិក ជាពិសេសអាជ្ញាធរ ពាក់ព័ន្ធ ដែលតែងតែគាំទ្រ និងបន្តការគាំទ្រ ធនាគារ អេស៊ីលីដា ភីអិលស៊ី៕Ph