សម្តេចនាយករដ្ឋមន្ត្រីនឹងចូលរួមក្នុងសម័យប្រជុំពិសេសថ្នាក់ប្រមុខរាជលើកទី៣១ របស់មហាសន្និបាតអ.ស.ប ស្តីពីការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩
ដោយៈមុនីរ័ត្ន/ភ្នំពេញៈប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោហ៊ុនសែននឹងអញ្ជើញចូលរួមក្នុងសម័យប្រជុំពិសេសថ្នាក់ប្រមុខរាជ និងរដ្ឋាភិបាលលើកទី៣១ របស់មហាសន្និបាតអង្គការសហប្រជាជាតិស្តីពីការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៣-៤ ខែធ្នូ ឆ្នាំ២០២០ តាមរយៈប្រព័ន្ធវីដេអូថតទុកជាមុន។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី៣០ ខែវិច្ឆិកានេះ បានឲ្យដឹងថា ដោយសារជំងឺរាតត្បាតសកលបានសម្លាប់ជីវិតមនុស្សអស់ជាច្រើននាក់ រាំងខ្ទប់ដង្ហើមសេដ្ឋកិច្ច ពិភពលោក បង្អាក់ការធ្វើពាណិជ្ជកម្មរវាងប្រទេសនិងប្រទេសធ្វើឱ្យខូចខាតដល់វិស័យទេសចរណ៍អន្តរជាតិនិងបង្កផលប៉ះពាល់ដល់វិស័យសុខាភិបាលពិភពលោក សម័យប្រជុំពិសេសថ្នាក់ប្រមុខរាជ/រដ្ឋាភិបាលលើកទី៣១ របស់មហាសន្និបាតអង្គការសហប្រជាជាតិនេះ មានគោលបំណងជំរុញការអនុវត្តវិធានការឆ្លើយតបជារួមក្នុងសហគមន៍អន្តរជាតិដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតសកលកូវីដ-១៩ និងកាត់បន្ថយផលប៉ះពាល់នៃជំងឺនេះ។
ប្រភពដដែលបានបន្តថា នៅក្នុងសុន្ទរកថាគន្លឹះ សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងសង្កត់ធ្ងន់លើភាពចាំបាច់ក្នុងការប្តេជ្ញា ចិត្តកាន់តែខ្លាំងក្លាជាងមុន ដើម្បីទទួលបានសាមគ្គីភាព និងឯកភាពតំបន់ និងពិភពលោក ខណៈដែលពហុភាគីនិយមដ៏មានប្រសិទ្ធភាពក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ និងអង្គការសុខភាពពិភពលោក ជាប្រការមិនអាចខ្វះបាន ដើម្បីឆ្លើយតបនឹងជំងឺរាតត្បាតសកលមួយនេះ៕សរន