ចែករម្លែក

ដោយ​៖​ឆាយា​នាថ​/​កណ្តាល​៖​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ទួល​ចាន់​ឃុំ​លើកដែក​ស្រុក​កោះធំ​ខេត្តកណ្តាល​កាលពី​ព្រលប់​ថ្ងៃទី​១៧ ខែកញ្ញា ឆ្នាំ​២០២០ បាន​ចាប់ខ្លួន​ជនជាប់ចោទ​ឈ្មោះ ភិន ប៊ុន​រ៉ា ភេទ​ប្រុស​អាយុ​២៩​ឆ្នាំ​ដល់​ក្នុងផ្ទះ​តាម​ដីកា​របស់​តុលាការ​ខេត្តកណ្តាល​ខណៈ​បានគេច​ខ្លួន​ជិត​១​ឆ្នាំ តែ​បាន​ឆ្មក់​ចូល​ស្រុក​វិញ ថ្ងៃបុណ្យ​ភ្ជុំបិណ្ឌ ផឹកស៊ី​ធ្វើ​ព្រងើយ ។

​សំណុំ​រឿងនេះ មាន​ជនជាប់ចោទ​ម្នាក់ទៀត គឺ​ឈ្មោះ​ភិន​ពៅ​ដែល​សមត្ថកិច្ច​កំពុង​តាម​ចាប់ខ្លួន​ផងដែរ ។​សមត្ថកិច្ច​បញ្ជាក់​ថាជ​ន​ជាប់ចោទ​ឈ្មោះ​ភិន​ប៊ុន​រ៉ា​ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​យោងតាម​ដីកា​បង្គាប់​ឱ្យ​ចាប់ខ្លួន​របស់លោក ជួន វណ្ណៈ ចៅក្រម​ជំនុំជម្រះ​សាលាដំបូង​ខេត្តកណ្តាល កាលពី​ថ្ងៃទី​២ ខែតុលា ឆ្នាំ​២០១៩ ។​


​ជនជាប់ចោទ​ឈ្មោះ​ភិន​ប៊ុន​រ៉ា​និង​ឈ្មោះ​ភិន​ពៅ​ត្រូវបាន​សាលាដំបូង​ខេត្តកណ្តាល​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​ក្នុង​ម្នាក់ៗ​២​ឆ្នាំ​ពីបទ​«​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស​»​លើ​អតីត​គ្រូបង្រៀន​ចំណាស់​មួយរូប ប្រព្រឹត្ត​នៅ​ភូមិ​ទួល​ចាន់ ឃុំ​លើកដែក ស្រុក​កោះធំ ខេត្តកណ្តាល កាលពី​ថ្ងៃទី​១៦ ខែមេសា ឆ្នាំ​២០១៨ តាម​មាត្រា​២១៨​នៃ​ក្រមព្រហ្មទណ្ឌ ។

​ក្នុង​ដីកា​បង្គាប់​ឱ្យ​ចាប់ខ្លួន​របស់លោក ជួន វណ្ណៈ ចៅក្រម​ជំនុំជម្រះ​សាលាដំបូង​ខេត្តកណ្តាល គឺ បញ្ជា​ឱ្យ​ប្រធាន​ពន្ធនាគារ​ខេត្តកណ្តាល ឬ មណ្ឌល​ឃុំខ្លួន​ខេត្តកណ្តាល​ឱ្យទទួល​ឃុំ​ជននេះ តាមច្បាប់​។​ពេលនេះ​សមត្ថកិច្ច​កំពុង​រៀបចំ​បញ្ជូន​ជនជាប់ចោទ​ភិន​ប៊ុន​រ៉ា​ទៅ​ឃុំខ្លួន​ក្នុង​ពន្ធនាគារ​តាមផ្លូវ​ច្បាប់ ដើម្បី​អនុវត្ត​ពន្ធនាគារ​រយៈពេល​២​ឆ្នាំ​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម