ដោយៈ សរិទ្ធ / ព្រះសីហនុៈ យុវជនដែលកំពុងបន្សាបគ្រឿងញៀន នៅក្នុងមជ្ឈមណ្ឌល ស្តារនីតិសម្បទា កែវផុស ខេត្តព្រះសីហនុ ចំនួន ៥០ នាក់ បានហែកបង្អួច រត់ចេញពីមណ្ឌល កាលពីម៉ោង ១១ យប់ថ្ងៃ២០ ខែវិច្ឆិកា ឆ្នាំ២០២០ នោះ រហូតមកដល់ព្រឹក ថ្ងៃទី២១ នេះ កម្លាំងសមត្ថកិច្ចចម្រុះ មាននគរបាល កងរាជអាវុធហត្ថ ស្រុកព្រៃនប់ និងស្រុកស្ទឹងហាវ បានសហការ ជាមួយអាជ្ញាធរពាក់ព័ន្ធ តាមរកឃើញវិញ ចំនួន ៧ នាក់ និងកំពុងតាមស្វែងរក អ្នកដែលកំពុងរត់គេច បន្តទៀត។
សមត្ថកិច្ច បានបញ្ជាក់ថាៈ យុវជនបន្សាបគ្រឿងញៀន ក្នុងមជ្ឈមណ្ឌលស្តារនីតិសម្បទា កែវផុសនេះ មានចំនួនសរុប ១០៣ នាក់ ដែលទើបបញ្ជូនមកពី មជ្ឈមណ្ឌលស្តារនីតិសម្បទា ក្រាំងធ្នង់ រាជធានីភ្នំពេញ កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ គឺជាជនរងគ្រោះ ដោយសារគ្រឿងញៀន ដែលចាំបាច់ត្រូវ ស្តារនីតិសម្បទាឡើងវិញ តាមរយៈការបន្សាបគ្រឿងញៀន ពីក្នុងខ្លួន និងជួយបណ្តុះបណ្តាល មុខជំនាញផ្សេងៗបន្ថែមទៀត ដើម្បីឲ្យក្លាយជាយុវជន ល្អឡើងវិញ ៕/V