ដោយៈ ភ្នំស្វាយ – អូរស្មាច់ / ឧត្តរមានជ័យៈ ក្រុមប្រឹក្សាខេត្ត និងគណៈអភិបាល ខេត្តឧត្តរមានជ័យ បានបើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ ឆ្នាំទី២ អាណត្តិទី៣ របស់ខ្លួន ដោយបានផ្តោតលើ ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ឯការដោះស្រាយសំណូមពរនានា របស់ពលរដ្ឋ និងការអភិវឌ្ឍមូលដ្ឋាន ទុកមួយអន្លើសិន ។
លោក ស៊ី ប្រាសិទ្ធិ ប្រធានក្រុមប្រឹក្សា ខេត្តឧត្តរមានជ័យ បានថ្លែងកាលពីថ្ងៃទី២០ ខែវិច្ឆិកា នេះថាៈ ដូចមុនៗដែរ គោលបំណង នៃការបើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ គឺដើម្បីបង្កើននូវវប្បធម៌ពិភាក្សា រវាងក្រុមប្រឹក្សា រដ្ឋបាលខេត្ត ថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍន៍នានា សម្រាប់លើកកម្ពស់ គណនេយ្យភាព តម្លាភាព និងសមធម៌ ក្នុងកិច្ចដំណើរការ អភិបាលកិច្ចល្អ និងតាមបែបប្រជាធិបតេយ្យ នៅមូលដ្ឋាន។
សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត ប្រធាន អនុប្រធានមន្ទីរ-អង្គភាព អភិបាលក្រុងស្រុក កងកម្លាំងប្រដាប់អាវុធ ទាំងបីប្រភេទ មេឃុំ ចៅសង្កាត់ មេភូមិ បានចូលរួមវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្ត ចាប់ពីថ្ងៃទី១៧ -១៨ -២០ ខែវិច្ចិកា ឆ្នាំ២០២០ តាមក្រុង ស្រុក ចំនួន៥ នៃខេត្តឧត្តរមានជ័យ។ វេទិកានេះ បានផ្តល់ព័ត៌មាន ដល់ប្រជាពលរដ្ឋ នូវសមិទ្ធផល ដែលរដ្ឋបាលខេត្ត សម្រេចបាន និងគម្រោងជាអាទិភាពអភិវឌ្ឍន៍ ការដោះស្រាយនានា ក្នុងឆ្នាំខាងមុខ ។
ជាពិសេសនោះ នឹងផ្តល់ឱកាសដល់ ប្រជាពលរដ្ឋ បានបញ្ចេញនូវមតិយោបល់ ព្រមទាំងលើកឡើង ពីក្តីព្រួយបារម្ភរួម ទាំងបញ្ហាប្រឈមរបស់ខ្លួន នៅក្នុងមូលដ្ឋាន ដែលបងប្អូនប្រជាពលរដ្ឋ កំពុងរស់នៅ ដើម្បីអោយវាគ្មិន បកស្រាយ និងនាំយកបញ្ហាទាំងនេះ មកពិចារណា ពិភាក្សា នាំគ្នាដោះស្រាយ និងឆ្លើយតប ប្រកបដោយប្រសិទ្ធភាព។ ប៉ុន្តែអ្វីៗ អាចទុកមួយឡែកសិន ដោយវេទិកា សូមអំពាវនាវ ដល់អាជ្ញាធរមានសមត្ថកិច្ច គ្រប់ជាន់ថ្នាក់ រួមទាំងប្រជាពលរដ្ឋ ត្រូវចូលរួមអនុវត្ត វិធានការបង្ការទប់ស្កាត់ ការរីករាលដាល នៃជំងឺកូវីដ-១៩ សិន៕/V